ខេត្តកំពង់ចាម៖កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយគ្រួសារ មកពីភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានធ្វើដំណើរមកកាន់អង្គភាព គេហទំព័រ រស្មីនាគមាស បានរៀបរាប់ទាំងអួលដើមករថា គាត់ឈ្មោះ ស៊ុន ពិសិទ្ធ មានប្រពន្ធឈ្មោះ នឹម ណារី បានរៀបការជាមួយគ្នាតាមប្រពៃណីខ្មែរកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ក្រោយរៀបការ បានរស់នៅជាមួយគ្នា បានកូនពីរនាក់ ប្រុសមួយ ស្រីមួយ មួយរយះក្រោយមកក៏ចេះតែរកាំរកុះ ឈ្លោះគ្នា មិនចុះសម្រុងគ្នា ក៏បានប្តឹងទៅអាជ្ញាធរដើម្បីលែងលះគ្នា តែការដែលសម្រមសម្រួលនោះ គឺមិនទាន់បានផ្លែផ្កា និងមិនទាន់បានព្រមព្រៀងផ្តិតមេដៃ លែងលះ ឬចែកផ្លូវគ្នាដើររៀងៗខ្លួននៅឡើយទេ ស្រាប់តែ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រពន្ធរបស់គាត់ឈ្មោះ នឹម ណារី បានរៀបចំពិធី ភ្ជាប់ពាក្យជាមួយ អ្នកថ្មីមួយទៀត នៅភូមិឃុំខាងលើ ពេលនោះ ស៊ុន ពិសិទ្ធ ត្រូវជាប្តី បានទៅប្តឹងអាជ្ញាធរអោយទៅឃាត់សួរនាំ តែអាជ្ញាធរថា គាត់មិនហ៊ានឃាត់ទេ ព្រោះគាត់មិនបានចេញច្បាប់ឱ្យ មិនបាច់ទៅរករឿងគេទេ បើចង់ប្តឹងផ្តល់ចាំគេរៀបចំពិធីរួចចាំដោះស្រាយគ្នា ។
ក្រោយចប់ពិធីភ្ជាប់ពាក្យ នឹម ណារី ជាមួយអ្នកផ្សេង អាជ្ញាធរឃុំក៏បានកោះហៅអ្នកទាំងពីរទៅសួរនាំដោះស្រាយសម្រុះសម្រួល នៅសាលាឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តែការសម្របសម្រួលនោះ ភាគី ស៊ុន ពិសិទ្ធ (ជាប្តី) បានទាមទាសំណងជំងឺចិត្តពីប្រពន្ធ ចំនួន ៣៣០០$ ទេភាគី នឹម ណារី (ប្រពន្ធ) ឆ្លើយថា មិនមានលុយអោយទេ ក្រោយពីនោះមក ភាគីប្តី សំណូមពរអោយអាជ្ញាធរ បញ្ជូនឯកសារពាក់ព័ន្ធនឹងរឿងរបស់ខ្លួន បញ្ជូនទៅអាជ្ញាធរស្រុកស្រីសន្ធរ តែអាជ្ញាធរឃុំ ឆ្លើយថា ឯកសារនេះមិនអាចបញ្ជូនបានទេ គឺរក្សារទុកនៅសាលាឃុំ តែបើចង់ប្តឹងយកឈ្នះចាញ់សូមប្តឹងទៅតុលាការ។
ប៉ុន្មានថ្ងៃក្រោយមក ស៊ុន ពិសិទ្ធ ត្រូវជាប្តី បានដាក់ពាក្យបណ្តឹងគោរពជូន លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ ប្តឹង នឹម ណារី ជាប្រពន្ធ ពីបទ៖ក្បត់ឯកពន្ធភាព ទាមទាសំណងជំងឺចិត្តចំនួន ៥០០០$ លុះរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ពិសិទ្ធ និងម្តាយ បានយកពាក្យបណ្តឹងរបស់ខ្លួន ទៅដាក់នៅរដ្ឋបាលសាលាស្រុកស្រីសន្ធរ តែមន្ត្រីទទួលពាក្យបណ្តឹង នៅទីនោះគ្រាន់តែឃើញ មិនទទួលបណ្តឹងគាត់នោះទេ ពេលនោះគាត់ក៏បានខលរាយការណ៍មកកាន់អង្គភាពគេហទំព័រ រស្មីនាគមាស ពីសកម្មភាពបដិសេដរបស់មន្ត្រីនៅទីនេះដែលមិនទទួលឯកសាររបស់ខ្លួន ក្រោយមកអង្គភាពយើងក៏បានខលទៅ លោក ចិត្ត តួនាទី ប្រធានការិយាល័យរដ្ឋបាលសាលាស្រុក ដើម្បីផ្តល់ព័ត៌មានជូនលោក ពីសកម្មភាព និងចរិករបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ពេលនោះ លោក ចិត្ត ក៏បានអនុញ្ញាតឱ្យម្ចាស់បណ្តឹងទៅជួបជាមួយលោកដោយផ្ទាល់ ក្រោយពីជួបរួច ម្ចាស់បណញតឹងបានខលមកអង្គភាពយើងវិញថា បណ្តឹងរបស់លោក គេបានវ៉ៃត្រាចូលនិងទទួលរួចហើយ អរគុណបងសារព័ត៌មានដែលជួយអន្តរាគមន៍។
ក្រោយមកអង្គភាពយើងក៏បានខលសំភាសន៍ជាមួយលោក មេភូមិក្សេរ លោកមេឃុំព្រែករំដេង ជុំ នីម អ្នកទាំងពីរបញ្ជាក់ថា៖
១/មេភូមិក្សេរ៖ បញ្ជាក់ថា លោក ស៊ុន សិទ្ធ ស្នើឱ្យគាត់ជួយធ្វើពាក្យបណ្តឹង ទៅសាលាឃុំអោយ ចំពោះ នឹម ណារី ភ្ជាប់ពាក្យជាមួយអ្នកផ្សេង ទាំងដែលមិនទាន់ផ្តាច់ចំណងអាពាហ៍ពិពាហ៍ជាមួយប្តី។
២/មេឃុំ៖ បញ្ជាក់ថា គាត់បានទទួលបណ្តឹងមែន តែគាត់គ្មានសិទ្ធ ទៅឃាត់គេមិនឱ្យសែនជាមួយគ្នាទេ ព្រោះគាត់អត់បានចេញច្បាប់ឱ្យ តែបើគាត់ជាអ្នកចេញច្បាប់ឱ្យ បានគាត់មានសិទ្ធិឃាត់។
កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អង្គភាពរស្មីនាគមាសយើង បានខលសំភាសន៍ជាមួយ នឹម ណារី ពាក់ព័ន្ធករណីគាត់ទៅរៀបចំពិធីភ្ជាប់ពាក្យជាមួយជាមួយអ្នកផ្សេង ទាំងដែលមិនទាន់ផ្តាច់ចំណងអាពាហ៍ពិពាហ៍ជាមួយប្តីនៅឡើយ ប្អូនស្រី នឹម ណារីបញ្ជាក់ថា៖ដោយសារគាត់ទៅសែននឹងអ្នកផ្សេង ដោយសារ ប្តីរបស់គាត់ បានប្រើអំពើហឹង្សាទៅលើគាត់ ហើយប្អូនស្រីក៏បានប្តឹងដោះស្រាយដែរ តែដោះស្រាយមិនទាន់ចប់ដោយសារ ប្តីរបស់គាត់គេចវេសមិនចូលខ្លួនដោះស្រាយ។
លោក ស៊ុន ពិសិទ្ធ និងគ្រួសារ សង្ឃឹមយ៉ាងមុតម៉ាំ ចំពោះថ្នាក់ដឹកនាំស្រុក និងជួយដោះស្រាយជូនគាត់ដោយតម្លាភាព ត្រឹមថ្នាក់ស្រុកទៅចុះ ព្រោះគាត់មិនអាចទទួលយកបានចំពោះ ទង្វើរបស់ប្រពន្ធគាត់ ដែលទៅរៀបចំពិធីភ្ជាប់ពាក្យជាមួយប្រុសថ្មី ទាំងដែលមិនទាន់លែងលះជាមួយគ្នាចប់នៅឡើយ ។